Monday, September 25, 2017

គំរូនៃការធ្វើអាជីវកម្ម

អាជីវកម្មទាំង៥ ដែលអ្នកអាចចាប់ផ្តើមដោយ ប្រើដើមទុនតិច ជាង១០០ដុល្លារ

April 27, 2017
មនុស្សភាគច្រើនយល់ឃើញថា ចង់ចាប់ផ្តើមអាជីវកម្មណាមួយចាំបាច់ត្រូវមានដើមទុនមួយចំនួនធំទើបអាចធ្វើបាន ប៉ុន្តែ ធាតុពិតក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក ផ្តើមចេញពីគំនិតអាជីវកម្មដែលមានលក្ខណៈត្រឹមត្រូវ និងស្ទើរតែមិនបាន ប្រើប្រាស់ដើមទុនខ្លួនឯងផង។​
ខាងក្រោមនេះ មានអាជីវកម្មចំនួន៥ ដែលអ្នកអាចចាប់ផ្តើមដោយចំណាយដើមទុនតិចជាង ១០០ដុល្លារអាមេរិក៖
១. អ្នកបកប្រែ៖
ប្រសិនបើអ្នកមានសមត្ថភាពក្នុងការប្រើប្រាស់ភាសា វាពិតជាល្អណាស់សម្រាប់អ្នក ព្រោះអ្នកអាចបង្កើតសេវាកម្មបកប្រែ ដល់អតិថិជន ពិសេសការបង្កើតនូវវេបសាយដែលផ្តល់សេវាកម្មបកប្រែដល់អតិថិជន។ អាជីវកម្មដែលប្រើប្រាស់សេវាកម្ម ប្រភេទនេះ អ្នកអាចធ្វើបានដោយចំណាយដើមទុនតិច និងអាចពង្រីកខ្លួនបានថែមទៀតផង។​
២. អ្នកមគ្គុទេសក៍ទេសចរណ៍៖
ប្រសិនបើអ្នកស្គាល់តំបន់ទេសចរណ៍ណាមួយច្បាស់លាស់ អ្នកអាចបង្កើតសេវាកម្មមគ្គុទេសក៍ទេសចរណ៍ ដោយធ្វើការ ផ្សព្វផ្សាយតាមគេហទំព័រហ្វេសប៊ុក ឫ វេបសាយ ដើម្បីឱ្យអតិថិជនអាចធ្វើការទាក់ទងដើម្បីទទួលបានសេវាកម្មរបស់អ្នក។ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើ គឺពង្រីកសក្តានុពលសេវាកម្មរបស់អ្នកឱ្យបានទូទាំងប្រទេស ព្រមទាំងឈានជើងទៅកាន់ បរទេសបន្ថែមទៀត។​
៣. ជាងលាបថ្នាំផ្ទះ៖
ស្តាប់ទៅហាក់ដូចជាចម្លែកបន្តិច តែវាពិតជាអាជីវកម្មដែលធ្លាប់មានគេធ្វើជោគជ័យហើយ ដោយចំណាយដើមទុនប្រមាណ តែ ៥០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយដោយសារតែគាត់គ្មានជំនាញលាបថ្នាំផ្ទះ គាត់បានចំណាយពេលសិក្សាតាមយូធូប (Youtube) និងបានបង្កើតក្រុមហ៊ុនដែលផ្តល់សេវាកម្មនេះថែមទៀតផង។​
៤. អ្នករចនាឡូហ្គោ៖
អាជីវកម្មនេះទាមទារឱ្យអ្នកមានជំនាញខាង Design។ អ្នកអាចបង្កើតសេវាកម្មរចនាឡូហ្គោ ដែលមានលក្ខណៈដាច់ដោយ ឡែក និងទាក់ទាញខុសប្លែកពីគេ នោះអ្នកនឹងមានអតិថិជនជាច្រើនមិនថាតែនៅក្នុងស្រុកនោះទេ តែរាប់បញ្ជូលទាំងអ្នក ដែលចង់បង្កើតអាជីវកម្មនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។​
៥. គ្រូបង្រៀន៖
ប្រសិនបើអ្នកមានជំនាញខាងបង្រៀន អ្នកអាចបង្កើតសេវាកម្មបង្រៀនតាមអនឡាញ ដែលមានលក្ខណៈងាយស្រួល និង ទាន់សម័យ តួយ៉ាងកូនសិស្សដែលជាជនជាតិចិនមួយចំនួនតែងតែចង់បានការបង្រៀនភាសាអង់គ្លេសដែលផ្សេងពីប្រទេស របស់ខ្លួន ដោយសារនៅទីនោះគ្រូបង្រៀនភាសា​និយាយមិនត្រូវតាមស្តង់ដា ប្រើប្រាស់សម្លេងមិនបានល្អ និងមានតម្លៃថ្លៃ ថែមទៀតផង។​
បញ្ហាប្រើប្រាស់ដើមទុនតិច ឬច្រើន នោះវាមិនសំខាន់ប៉ុន្មានទេ អ្វីដែលសំខាន់តើអាជីវកម្មនោះអាចរីកចម្រើនទៅមុន បានដែរ ឬទេ? តើវាបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់មនុស្សទូទៅ?

តិចនិច ក្នុងការគ្រប់គ្រង លំហូរសាច់ប្រាក់ សម្រាប់អាជីវកម្ម ថ្មីថ្មោង

April 26, 2017
ការធ្វើអាជីវកម្ម វាពិតជាចាំបាច់ណាស់ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ដែលត្រូវផ្ដោតសំខាន់ទៅចំណូលចំណាយនៃអាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញប្រសិនបើ លំហូរសាច់ប្រាក់ នៃអាជីវកម្មមិនល្អ នោះអាជីវកម្មរបស់អ្នកនឹងជួបបញ្ហាខាងផ្នែកហិរញ្ញវត្ថុជាមិនខានឡើយ។
ខាងក្រោមនេះ Business Cambodia សូមធ្វើការចែករំលែកនូវ តិចនិចសំខាន់ៗ ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ សម្រាប់អាជីវកម្មថ្មីថ្មោងជាពិសេសគឺ ម្ចាស់អាជីវកម្មផ្ទាល់៖
១. ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង លំហូរសាច់ប្រាក់
លោកអ្នកត្រូវតែយកចិត្តទុកដាច់ ដ៏ដូចជាតាមដានទៅលើ លំហូរនៃសាច់ប្រាក់សម្រាប់អាជីវកម្មរបស់អ្នក​ឲ្យបានដិតដល់ ដើម្បីឲ្យដឹងថា ក្នុងមួយខែៗ អ្នកត្រូវចំណាយអស់ប៉ុន្មាន ហើយរកចំណូលមកវិញបានប៉ុន្មានដែរ ។ កាលណាអ្នកធ្វើការតាមដានតាមបានខ្ជាប់ខ្ជួនហើយនោះអ្នកនឹងដឹងច្បាស់ពីស្ថានភាពផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នកដើម្បីចៀសវាងវិបត្តិហិរញ្ញវត្ថុ។
២. ការគ្រប់គ្រងចំណូល និងដើមទុន
ថ្វីត្បិតតែអ្នកជាម្ចាស់អាជីវកម្មផ្ទាល់ ​ តែអ្នកមិនគួរ គ្រប់គ្រងទៅលើហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អ្នកដោយខ្លួនអ្នកផ្ទាល់នោះទេ ជាពិសេសទាំងការតាមដានលើផ្នែកហិរញ្ញវត្ថុ ទាំងគ្រប់គ្រងផងដែរ។ ផ្ទុយទៅវិញអ្នកគួរតែ​ រកគណនេយ្យករដ៏ជំនាញណាមួយ ឲ្យមកធ្វើកិច្ចការនេះវិញ ជាការល្អប្រសើរ។ តែប្រសិនបើអ្នកមិនអាចរកបាន នោះអ្នកក៏អាច ជ្រើសរើសបុគ្គលិកណាម្នាក់ដែលអ្នកទុកចិត្តឲ្យធ្វើជា អ្នកត្រួតពិនិត្យលំហូរសាច់ប្រាក់នេះ។
៣. បញ្ចុះតម្លៃ ដើម្បីប្រមូលលុយពីអតិថជនឲ្យបានលឿន
លោកអ្នកអាចបញ្ចុះតម្លៃខ្លះៗ ទៅលើផលិតផលឬសេវាកម្មដែល អតិថិជនបានទិញ ហើយការធ្វើបែបនេះ ធ្វើឲ្យអតិថិជនរបស់អ្នកអាចមានលទ្ធភាពក្នុងការបង់ប្រាក់បានលឿនជាងពេលបានកំណត់ ហើយអ្នកក៏អាចមានលំហូរសាច់ប្រាក់បានឆាប់ហ័សផងដែរ​។ មួយវិញទៀតអ្នកគួរតែធ្វើការតាមដានថាតើអតិថិជនណាដែលអាចបង់លុយបានលឿន ហើយធ្វើការទំនាក់ទំនងជាមួយពួកគេឲ្យបានល្អក៏ដូចជាការដាស់តឿនពួកគាត់ពីការបង់ថ្លៃសេវាកម្មឬ ផលិតផល។
៤. ចំណាយទៅលើអ្វីដែលចាំបាច់បំផុត
អ្នកត្រូវតែចំណាយទៅលើអ្វីដែលចាំបាច់បំផុតសម្រាប់អាជីវកម្មររបស់អ្នក ហើយព្យាយាមកាត់បន្ថយចការចំណាយទៅ អ្វីដែលមិនចាំបាច់តាមដែលអាចធ្វើទៅបាន ហើយការធ្វើបែបនេះ អ្នកក៏អាចសន្សំសំចៃបានមួយកម្រិតផងដែរ។
៥. ឆ្លាតវៃក្នុងការជ្រើសរើសបុគ្គលិក
អ្នកគួរជ្រើសរើសបុគ្គលិកដែល មានជំនាញច្បាស់លាស់ ជាពិសេស ជ្រើរើសបុគ្គលិកដែលមានទេព្យកោសល្យល្អ ព្រមទាំងចេះជំនាញច្រើន ដូច្នេះអ្នកនឹងចំណេញ ខណៈបុគ្គលិកម្នាក់ក្នុងអាជីវកម្មរបស់អ្នកម្នាក់មានជំនាញច្រើន ហើយអ្នកក៏មិនសូវចំណាយច្រើនទៅលើប្រាក់ខែបុគ្គលិកផងដែរ៕
អត្ថបទដោយ៖ ហុង

មុនចេញរកស៊ី តើអ្នកត្រូវចេះអ្វីខ្លះ?

April 26, 2017
ការចាប់ផ្តើមអាជីវកម្មណាមួយឱ្យទទួលបានជោគជ័យ មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែក៏មិនមែនពិបាករហូត ដល់ថ្នាក់យើងមិនអាចធ្វើវាបានដែរ។ អាជីវកម្មមួយឈានជើងទៅមុខមិនឈប់ អាស្រ័យលើផែនការអាជីវកម្មដែល លក្ខណៈត្រឹមត្រូវ អ្នកដឹកនាំដែលមានសមត្ថភាព និងគំនិតច្នៃប្រឌិត គួបផ្សំទាំងយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទ្ធិភាព។​
តើមុននឹងសម្រេចចិត្តចាប់អាជីវកម្មណាមួយ អ្នកគប្បីមានលក្ខណៈសម្បត្តិ ឫ ចំណេះដឹងអ្វីខ្លះ ដើម្បីឱ្យអ្នកអាចចាប់ផ្តើម ដើរទៅមុខមិនថយក្រោយ? ខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកត្រូវចេះ យល់ ស្គាល់ និងដឹងមុននឹងចេញរកស៊ី៖
១. ចេះគ្រប់គ្រង៖
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម ជំនាញក្នុងការគ្រប់គ្រងពិតជាមានសារៈសំខាន់ណាស់ ពីព្រោះអ្នកនឹងត្រូវគ្រប់គ្រង បុគ្គលិក គ្រប់គ្រងការចំណាយ និងចំណូលជាដើមដោយខ្លួនឯង ខណៈពេលដែលអ្នកទើបនឹងចាប់ផ្តើមដំណើរការអាជីវកម្ម ដំបូង មុននឹងមានលទ្ធភាពជួលអ្នកដែលមានជំនាញពិតប្រាកដមកធ្វើការឱ្យអ្នក។
អ្នកអាចឆ្លៀតឱកាសអានសៀវភៅ ចូលរៀនវគ្គខ្លីៗ ឫ ស្តាប់អ្នកជោគជ័យ ដើម្បីទទួលចំណេះដឹង និងចេះជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំខ្លះៗសមល្មមសម្រាប់ប្រើប្រាស់ ជាជាងការចំណាយពេល និងថវិការទៅសិក្សារហូតដល់ទៅ៤ឆ្នាំ នៅ ឯមហាវិទ្យាល័យនោះទេ។​
២. ចេះទីផ្សារ៖
ជំនាញទីផ្សារក៏ជាជំនាញមួយដែលមិនអាចមើលរំលងបានដែរ ប្រសិនបើអ្នកមិនមានការយល់ដឹងពាក់ព័ន្ធនឹងជំនាញនេះទេ នោះអាជីវកម្មរបស់អ្នកអាចនឹងមិនទៅមុខ ហើយសូម្បីតែការចាប់ផ្តើមអាជីវកម្មដំបូងក៏អាចមានការខុសឆ្គងផងដែរ ដោយ សារតែអ្នកមិនបានសិក្សាពីទីផ្សារជាមុន មុននឹងចាប់ផ្តើមអាជីវកម្ម។​
៣. ចេះលក់៖
តើលក់របៀបណាឲ្យទទួលបានជោគជ័យ? មិនថាអ្នកលក់ដូរឥវ៉ាន់ចាប់ហួយ លក់គ្រឿងសំណង់ លក់សម្ភារៈអគ្គិសនី ឫ លក់ទឹកអំពៅនោះទេ ចាំបាច់ត្រូវចេះជំនាញក្នុងការលក់ លក់ឱ្យមានប្រសិទ្ធិភាព លក់ឱ្យគេទិញដោយសប្បាយចិត្ត និង អរគុណដល់យើង នោះយើងនឹងធំធាត់ជានិច្ច។​
៤. ចេះភាសា៖
ប្រសិនបើអ្នកចេះភាសាបរទេសដូចជាភាសាអង់គ្លេស ភាសាចិន ឫ ភាសាថៃ វាពិតជាល្អណាស់សម្រាប់អ្នក ប៉ុន្តែភាសាមួយ ដែលអ្នកមិនអាចមិនចេះសម្រាប់ការរកស៊ីនោះ គឺភាសាការទូត។ ជំនាញការទូត អាចជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន បានកាន់តែឆាប់រហ័ស តាមរយៈការភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន បុគ្គលិក និងដៃគូពាណិជ្ជកម្ម។​
៥. ចេះស្រាវជ្រាវ៖
ជំនាញក្នុងការស្រាវជ្រាវ អាចឱ្យអ្នកស្វែកយល់ រិះរកគំនិត និងបង្កើតនូវអ្វីដែលថ្មី ប្លែក ពិសេសវាជួយឱ្យអ្នកមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ។ នៅក្នុងជំនាញស្រាវជ្រាវនេះទៀតសោត អ្នកគប្បីចេះដឹង និងយល់ពីបច្ចេកវិទ្យា ផងដែរ មិនពុំនោះទេអ្នកនឹងមិនអាចដើរទាន់គេឡើយ៕

Nathan Birch៖ យុទ្ធសាស្រ្តទិញផ្ទះឲ្យបាន១៦០នៅក្នុងរយៈពេល៥ឆ្នាំ

April 25, 2017
Nathan Birch​ ជាយុវជនវ័យ៣២ឆ្នាំម្នាក់ដែលមានស្រុកកំណើតនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ដែលបច្ចប្បន្នលោកមានផ្ទះផ្ទាល់ខ្លួនរហូតដល់ ១៦០ឯណោះ។
លោក Nathanបានចាប់ផ្តើមទិញផ្ទះលើកដំបូងនៅភាគខាងត្បូងនៃទីក្រុងស៊ីដនី តាំងពីគាត់មានអាយុ១៨ឆ្នាំមកម្លេះ ជាមួយប្រាក់សន្សំជាយូររបស់គាត់និងការខ្ចីពីធនាគារប្រមាណជាង២៤៨,០០០ដុល្លារអាមេរិក ហើយនៅរយៈពេល៥ឆ្នាំក្រោយមកលោកអាចទិញផ្ទះបានរហូតដល់១៦០។​
តើមានយុទ្ធសាស្ត្រអ្វីដែលអាចឲ្យគាត់ទិញផ្ទះបានរហូតដល់១៦០ត្រឹមរយៈពេលត្រឹមតែ៥ឆ្នាំ? ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តជោគជ័យរបស់គាត់៖
១. ទីតាំង៖ ការទិញផ្ទះគឺត្រូវមើលទីតាំងណាដែលអាចជួលបានក្នុងតម្លៃខ្ពស់។ មុននឹងទិញផ្ទះ ត្រូវមើលទីតាំងឲ្យបានច្បាស់ ហើយត្រូវច្បាស់ក្នុងចិត្តថា ផ្ទះនោះនឹងអាចរកចំណូលខ្ពស់មកឲ្យអ្នកបានដែរឬទេ។
២. ជៀសវាងការទិញគិតពីពេល តែត្រូវគិតពីទីផ្សារវិញ៖ ប្រសិនបើអ្នកមានលុយល្មមដែលអាចទិញផ្ទះ​បានហើយមិនត្រូវទិញភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកដួលព្រោះទីផ្សារមិនអំណោយផល។ ដូចនេះ ត្រូវគួរគិតពីទីផ្សារវិញ ព្រោះឱកាសទីផ្សារ​ល្អហើយ ទោះលុយមិនគ្រប់ក៏ដោយ ក៏អាចជោគជ័យបានដែរ។
៣. ត្រូវរៀនពីជំនាញចរចារ៖ ការចរចារពិតជាមានសរសំខាន់ខ្លាំងណាស់ ព្រោះវាធ្វើឲ្យទំនាក់ទំនងរបស់​អ្នកល្អឬអាក្រក់បាន។ ដូចនេះយើងត្រូវនេះចរចារ និងត្រូវមានទំនាក់ទំនងល្អជាមួយ​ភ្នាក់ងារ​អច​លន​ទ្រព្យ ព្រោះនៅពេលដែលពួកគេមានអ្វីដែលល្អពួកគេនឹងប្រាប់យើងមុនគេ នេះហើយដែល​អ្នកអាចមានឱកាសនៅលើទីផ្សាររបស់យើង។
៤. ជាចុងក្រោយ លោក Nathan បានផ្តែផ្តាំថា បើអ្នកចង់ទិញជាលុយសុទ្ធ អ្នកគួរទិញផ្ទះណាដែលមានអទិភាព ដូចជា​ផ្ទះដែលមានតម្លៃថោកជាលក្ខណៈ យូនីត ហើយយើងនឹងកែឆ្នៃវាជា នោះយើងនឹងអាចលក់ឬជួលបានថ្លៃ។
គួរជម្រាបផងដែរថា បច្ចុប្បន្ន Nathan Birch​ មានផ្ទះ២០០ហើយ ដែលនេះផ្តើមចេញពីភាពវៃឆ្លាតក្នុងការវិនិយោគរបស់គាត់។
អត្ថបទដោយ​៖ពេជ្រ ស្រីវណ្ណ
អ្នកនិពន្ធផ្នែកអចលនទ្រព្យ

ហាងកាហ្វេ Coffee Today បើកនៅកម្ពុជាបានត្រឹម១ឆ្នាំ ពង្រីកសាខាបានរហូតដល់ជាង ២៤សាខា

April 20, 2017
ហាងកាហ្វេ Coffee Today ជាហាងកាហ្វេបង្កើតទ្បើងនៅប្រទេសថៃ នៅឆ្នាំ ២០០១ សព្វថ្ងៃ ហាងកាហ្វេមួយនេះបានកំពុងតែវាយលុយទីផ្សារខ្មែរយ៉ាងខ្លាំងខ្លា។ ដោយបានបើកដំណើរការ អាជីវកម្មរបស់ខ្លួន នៅខែមិនាឆ្នាំ ២០១៦ រហូតដល់ឥទ្បូវយីហោកាហ្វេមួយនេះមាន សាខា រហូតដល់ ជាង ២៤សាខាហើយ។
នេះអាចនិយាយបានថា ក្នុងមួយខែ ហាងកាហ្វេ Coffee Today បានបង្កើតសាខា បានជាង ២កន្លែង។ សព្វថ្ងៃនៅកម្ពុជាហាងកាហ្វេនេះ មានសាខាភាគច្រើនបំផុតនៅភ្នំពេញ និង ៣ទៅបួន សាខាទៀតនៅ៣ខេត្តផ្សេងទៀតនៅកម្ពុជា។
នៅឆ្នាំ ២០១៧នេះ ហាងកាហ្វេ Coffee Today បានជាប់ជាយីហោ Franchise លេខ១ របស់ប្រទេសថៃ។ នៅកម្ពុជាបើយើងគិតពីសន្ទះនៃការពង្រីកសាខាវិញ យើងក៏អាចសន្និដ្ឋាន បានថា យីហោមួយនេះក៏ជាប់លេខមួយដែរ នៅកម្ពុជា។
គួរបញ្ជាក់ថា ក្រៅពីកម្ពុជា យីហោមួយនេះ ក៏កំពុងតែវាយលុកទីផ្សារទ្បាវផងដែរ។ យីហោមួយនេះ  អាចពង្រីកខ្លួនបានលឿនដូចនេះគឺដោយសារ គេប្រើគំរូ លក់សិទ្ធិអាជីវកម្មបន្ត (Franchise)ទៅអ្នកចង់បើកហាងកាហ្វេ ដែលគំរូនេះ ហាងធំៗរបស់កម្ពុជា ដូចជា Brown Coffee មិនទាន់បានសាកល្បងនៅទ្បើយទេ។
អត្ថបទដោយ៖ David
អ្នកប្រឹក្សាអាជីវកម្ម Franchise
David.businesscambodia@gmail.comf

ស្ថាបនិកSamsung៖បរាជ័យអាជីវកម្មលើដំបូង អ្នកមិនគួរបាក់ទឹកចិត្តលែងចង់ងើបនោះទេ

April 26, 2017
លោក Lee Byung-chull ជាស្ថាបនិកក្រុមហ៊ុនយក្សSamsung បានចាប់ផ្តើមប្រឡូក្នុងសមរភូមិអាជីវកម្ម  បន្ទាប់ពីលោក​បោះ​ប​ង់​ការសិក្សាចោលពាក់កណ្តាលទីនៅប្រទេសជប៉ុន។ លោក Lee ធ្លាប់បរាជ័យយ៉ាងធ្ងន់ធ្ងរសម្រាប់អាជីវកម្មលើ​កដំបូងរ​ប​ស់​លោក តែលោកបានលើកឡើងថា ការបរាជ័យអាជីវកម្មលើដំបូង អ្នកមិនគួរបាក់ទឹកចិត្តលែងចង់ងើបនោះទេ តែ​វា​ជា​មេ​រៀន​ល្អទៅវិញទេសម្រាប់អ្នក ក្នុងការចាប់ផ្តើមសារជាថ្មី។
លោក Lee ក្រោយពីត្រឡប់ពីប្រទេសជប៉ុន ដោយសារឪពុកស្លាប់មក និងបានទទួលទ្រព្យសម្បត្តិបន្តពីគ្រួសារ ហើ​យ​លោ​ក​ក៏​បាន​ចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក គឺបើកក្រុមហ៊ុន Rice Mill ក៏ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះ​តែ​ជា​​លើកដំបូង គ្មានបទពិសោធន៍ និងគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើឲ្យខាតបង់ដើមទុនជាច្រើន។ សម្រាប់​អា​ជីវកម្មដំ​បូង​នេះ​ខាតច្រើនក៏ពិតមែន តែវាបានបង្រៀនលោកច្រើន ទាក់ទងនឹងដំណើរការគ្រប់គ្រងក្រុមហ៊ុន រៀបចំយុទ្ធសាស្ត្រ ការសិ​ក្សា​ឱកាសឲ្យកាន់តែស៊ីជម្រៅជាងមុន។ លោកថាប្រឡូកលើកដំបូងមិនគួរបាក់ទឹកចិត្តលែងចង់ងើកនោះទេ ព្រោះ​អ្ន​ក​បាន​ទ​ទួល​មេរៀនយ៉ាងល្អ ដែលបានបង្រៀនអ្នក ឲ្យអ្នកឈានជើងដើរទៅមុខបន្តទៀត។
ក្រោយពីបរាជ័យលើកដំបូងមក ក៏មិនអង្គុយអស់សង្ឃឹម​នោះដែរ នៅឆ្នាំ១៩៣៨ លោកក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺ​មា​​នឈ្មោះ Samsung Trading Co ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន។ មិនយូរប៉ុន្មាន នៅឆ្នាំ១៩៤៥ ក្រុម​ហ៊ុន​រ​ប​ស់​លោ​កក៏ទទួលបានជោគជ័យកាន់តែខ្លាំង និងបានផ្លាស់ប្តូរទីតាំងក្រុមហ៊ុនទៅទីក្រុងសេអ៊ូលតែម្តង។ លោកLee ក៏បាន​បញ្ជា​ក់​ថា ភាពជោគជ័យនៃក្រុមហ៊ុនថ្មី នេះក៏ព្រោះតែលោកបានទទួលចំណេះដឹង  អំពីការ​បរាជ័យអាជីវកម្មលើក​ដំបូង​រ​ប​ស់​លោ​ក​ដែរ។
ជាការពិតណាស់ ពាក្យថាបរាជ័យ សម្រាប់សហគ្រិន នឹងមិនចង់ឭ និងមិនចង់ជួបប្រទះនោះទេ ក៏ប៉ុន្តែវាមិនមែនជាចំ​ណុ​ច​អា​​ក្រក់ឯណា ព្រោះវាបានបង្រៀនអ្នក ធ្វើឲ្យអ្នកចាស់ទុំជាងមុន ក្នុងការប្រឡូកក្នុងអាជីវកម្មសារជាថ្មី។ ការបើកអាជីវកម្ម មិន​ខុសពីការប្រថុយ នោះទេ តែអ្នកកាន់តែប្រថុយអ្នកកាន់តែមើលឃើញឱកាសជោគជ័យកាន់តែច្រើន ជាងអ្នកមានទ្រឺស្តី តែ​គ្មានសកម្មភាព ព្រោះអ្នកប្រថុយទំាងមានបទពិសោធន៍ និងទំនុកចិត្ត ព្រោះភាពបរាជ័យបានបង្រៀនអ្នកច្រើនណាស់ ឲ្យ​ចៀស​ផុតពីផ្លូវបរាជ័យ៕
អត្ថបទដោយ៖ ម៉ន វុទ្ធា

ម្ចាស់ចំការវ័យ២៨ឆ្នាំថា ការដាំមៀន ចំណេញជាងការដាំស្វាយ

April 26, 2017
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ចន្ថា សីហា ម្ចាស់ចំការមៀន ៣០ហិកតា នៅខេត្តកំពតបាន ឲ្យដឹងថា ការដាំមៀន គឺយើងត្រូវមើលទៅលើ ទីតាំង ភូមិសាស្រ្ត តំបន់ និងប្រភេទដីជាដើម។ បើគំនិតរបស់លោក ការដាំមៀនខ្មែរ គឺប្រសើរជាងការដាំស្វាយ ដោយមូលហេតុមួយចំនួនដូចតទៅ៖
បើតាមបទពិសោធន៍របស់លោកផ្ទាល់ លោកបានឲ្យដឹងថា ក្នុងការដាំដំណាំ មៀន១ហិកតា ត្រូវការដើមទុនយ៉ាងតិចក៏ ១ម៉ឺនដុល្លារដែរ។ យ៉ាងណាមិញលោកបានបញ្ជាក់ថា ប្រសិនបើប្រភេទដីល្អ និងប្រភពទឹកងាយស្រួលក្នុងស្រោចស្រព នោះដើមទុនត្រូវអាចតិចជាងនេះ។ តែផលដែលហុចឲ្យគឺបានផល ៥ដងច្រើនជាងការដាំស្វាយ (កែវរមៀត)។
លោកបានប្រៀបធៀបថា ក្នុងមួយគីទ្បូ មៀនខ្មែរលក់ក្នុងតម្លៃ ៨ពាន់ ទៅ ១មឺុនរៀល ដែលថ្លៃជាង  ស្វាយរហូតដល់១០ដងឯនោះ។ មិនតែប៉ុណ្ណោះ មៀននៅរដូវបុណ្យទានម្តងៗ គឺអាចទ្បើងថ្លៃរហូតដល់ ជាង ២មឺុនក៏មានដែរ។
មូលហេតុមួយទៀតគឺ ការចំណាយក្នុងការថែទាំគឺមានប្រហាក់ប្រហែលគ្នាទេ រវាងដើមមៀន និងដើមស្វាយ។ ដូចនេះការចំណាយថែទាំ ប្រហាក់ប្រហែលគ្នា តែទិន្នផលវិញខុសគ្នារហូតដល់ជាង ៥ដង ទាំងនេះហើយជាមូលហេតុ ដែលលោកសីហាថា ដាំមៀនគឺចំណេញជាងដាំស្វាយ។
លោកបានបញ្ជាក់ផងដែរថា ការដាំមៀនដើមទុនត្រូវចំណាយច្រើនទៅលើការថែទាំ ពីព្រោះយើងត្រូវថែទាំជាប្រចាំ ដូចជាការថែមដី ចំណាយទៅលើការទិញអាចម៍សត្វ យកមកលាយប្របល់ចូលគ្នាដើម្បីឲ្យមៀនមានការលូតលាស់បានល្អ ការដកស្មៅ​ និងរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពជាដើម។
បុរសវ័យ ២៨ ឆ្នាំរូបនេះក៏បានឲ្យដឹងទៀតថា ចំពោះដំណាំមៀននេះ ប្រសិនបើវាធំពេញរូបពេញរាង  នោះយើងអាចប្រមូលផ្លែបាន ២ដងក្នុងមួយឆ្នាំ ហើយបើដើមមៀនអាយុ៥ឆ្នាំ ក្នុងដើមមៀនមួយដើមអាចឲ្យផលប្រមាណពី ២០ ទៅ ៣០គីឡូក្រាម​។
គួរបញ្ជាក់ផងដែរថា ចំការមៀនរបស់ លោក ចន្ថា សីហា គឺលោកដាំមៀនខ្មែរធម្មជាតិមានក្លិនឈ្ងុយដែលខុសពីមៀននៅថៃ និងនៅវៀតណាម ហើយក្នុងមួយហិកតា លោកដាំដើមមៀនបានប្រមាណជា ៣០០ទៅ ៤០០ដើម៕

អត្ថបទដោយ៖ សំ កុសល

មូលហេតុធ្វើឱ្យ Uber រីកចម្រើនឆាប់រហ័សក្លាយជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក

April 25, 2017
លោក Travis Kalanick ស្ថាបនិកក្រុមហ៊ុន Uber ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់បច្ចេកវិទ្យាទំនើប ពិសេសប្រើប្រាស់​ការទំនាក់ទំនងតាមរយៈស្មានហ្វូន មានទីស្នាក់កាលកណ្តាលនៅឯ San Francisco សហរដ្ឋអាមេរិក​ បានចំណាយពេល​ជាង៨ឆ្នាំ ដើម្បីប្រែក្លាយក្រុមហ៊ុនដ៏តូចមួយនេះ ក្លាយជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក។
តើក្រុមហ៊ុននេះអាចរីកធំធាត់បានយ៉ាងលឿនដូចនេះដោយរបៀបណា ពិសេសក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ? ខាងក្រោមនេះ ជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះល្បីសុះសាយទូទាំងពិភពលោក៖
១. គំនិតបង្កើតថ្មី៖
ក្រុមហ៊ុន Uber បានកែប្រែប្រវត្តិសាស្ត្រនៃការរត់តាក់ស៊ីបែបថ្មី ស្របតាមសម័យបច្ចេកវិទ្យាទំនើប ជាហេតុ​​​ធ្វើអ្នកបម្រើ ការងារ និងអ្នកទទួលសេវាកម្មមានសេចក្តីរីករាយ ពេញចិត្តជាមួយនឹងការធ្វើដំណើរ ដោយចំណាយ​ប្រាក់តិច ចំណេញ ពេលវេលាទាំងសង់ខាង។​
២. ផ្តល់ការងារបន្ថែមដល់អ្នករត់តាក់ស៊ី៖
ការភ្ជាប់ទំនាក់ទំនងគ្នាដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ធ្វើអ្នករត់តាក់ស៊ី និងអ្នក​ចង់ជិះតាក់ស៊ី អាចរកគ្នាឃើញបាន ដោយងាយ និងឆាប់រហ័សបំផុត ដែលនាំអ្នករត់តាក់ស៊ីមិនដែលមានពេលចង់នៅទំនេរ​ឡើយ។​
៣. សេវាកម្មចែករំលែករថយន្តជិះ៖
អ្នកដែលមានរថយន្តអាចរកចំណូលបានមួយភាគពីការធ្វើដំណើរ ការទទួលយកអ្នក​ដំណើរដែលមានទិសដៅដូចគ្នា នឹងពួកគេ ជាជាងការទុករថយន្តចោល ឫធ្វើដំណើរទៅណាមកណាតែម្នាក់ឯង។ ពិសេសទៀត អតិថិជន ឫ អ្នកដំណើរ ក៏អាចមានឱកាសជិះរថយន្តសេរីទំនើបៗ ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។​ សេវាកម្មនេះទៀតសោត ក៏បាន ចូលរួមចំណែកជួយកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងធ្វើឱ្យការកក់ស្ទុះចរាចរ​មាន​​ការថយចុះផងដែរ។​
៤. ការអភិវឌ្ឍនខ្លួនឯង៖
ក្រុមហ៊ុន Uber មិនដែលភ្លេចខ្លួនក្នុងការអភិវឌ្ឍន និងការបង្កើតនូវអ្វីដែលថ្មី ផ្តល់ភាពងាយស្រួល​ដល់សាធារណជនទូទៅ នោះទេ ក្រុមហ៊ុននេះតែងតែរិះរកវិធីសាស្ត្រថ្មីៗដែលអាចពង្រីកសក្តានុពលរបស់ខ្លួន តួយ៉ាង​ការបង្កើតរថយន្តដែលអាច បើកបរដោយស្វ័យប្រវត្តិជាដើម។ នេះហើយជាហេតុធ្វើឱ្យក្រុមហ៊ុននេះ ចេះតែរីកចម្រើនទៅមុន​ជាលំដាប់ និងយ៉ាងឆាប់ រហ័ស៕​

Alex Tew៖ គ្មានលុយបង់ថ្លៃសិក្សា ងាកមកបង្កើតគេហទំព័រ តម្លៃខ្ទង់លានដុល្លារត្រឹមរយៈពេល៥ខែ

April 25, 2017
លោក Alex Tew សញ្ជាតិអង់គ្លេសវ័យ ៣២ឆ្នាំ បានក្លាយជាសហគ្រិនមួយរូប ដែលបានបង្កើត គេហទំព័រផ្ទាល់ខ្លួនមួយ ហើយគេហទំព័ររបស់លោក មានតម្លៃរហូតខ្ទង់លានដុល្លារឯណោះ បន្ទាប់ពីលោកបង្កើតបានត្រឹមតែរយៈពេល៥ខែប៉ុណ្ណោះ។
កាលពី ឆ្នាំ ២០០៥ នៅវ័យ ២១ ឆ្នាំ លោក Alex Tew មានបំណងចង់ចូលសិក្សាវគ្គទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មរយៈពេលដែលមានរយៈពេល៣ឆ្នាំ តែលោកបានជួបបញ្ហាមួយ គឺលោកមិនមានលុយគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សាឡើយ។
លោកមិនចង់ទៅខ្ចីលុយគេយកមកបង់ថ្លៃសិក្សានោះទេ ព្រោះលោកគិតថាវ័យរបស់លោកជាវ័យដែលគួរតែអាចរកចំណូលសម្រាប់ធ្វើការផ្គត់ផ្គង់ការសិក្សាដដោយខ្លួនឯងបានហើយ។ បន្ទាប់ពីបានដេកគិតចុះគិតឡើង លោកក៏បានសម្រេចចិត្តបង្កើតគេហទំព័រដ៏សាមញ្ញមួយ ដោយបានដាក់លក់រូបភាព រូប logo តូចៗដែលលោកបានរចនាឡើង ហើយដាក់លើគេហទំព័ររបស់លោកផ្ទាល់។
លោកបានធ្វើការរចនារូបភាពតូច ខ្ទង់មួយលានរូប ដើម្បីដាក់លក់រូបភាពទាំងនោះលើ Home Page នៃ គេហទំព័ររបស់លោក ដោយក្នុងរូបភាពនិមួយៗមានទំហំ ១០x១០ហើយលោកអាចលក់បានក្នុងតម្លៃ១ដុល្លារអាមេរិកក្នុងមួយរូបភាព។
ដំបូងឡើយ គេទំព័ររបស់ លោកមានតែមិត្ត ហើយនឹងក្រុមគ្រួសាររបស់លោកទេ ដែលស្គាល់ តែបន្ទាប់មកគេហទំព័ររបស់លោក កាន់តែមានភាពល្បីល្បាញឡើង និងអ្នកចាប់អារម្មណ៍ទិញនូវរូបភាពតូចលើគេហទំព័រ។ លោក Alex Tew បាននិយាយថា លោកពិតជា សប្បាយចិត្តណាស់ដែលមានគំនិតចេះបង្កើតនូវគេទំព័រនេះឡើយ ហើយលោកក៏បានលើកឡើងថា លោកមិនមានគោលបំណងចង់ទាក់ទាញការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ តែគ្រាន់តែចង់ដាក់រូបភាពដែលលោកបានរចនាឡើងតែប៉ុណ្ណោះ។
បង្កើតគេហទំព័រត្រឹមតែមួយខែដំបូង លោក រចំណូលបាន ២៥០០០០ដុល្លារ ហើយរយៈពេល ២ខែ លោករកចំណូលបាន ៥០០០០០ដុល្លារ ហើយត្រឹមតែ រយៈពេល៥ខែប៉ុណ្ណោះ គេហទំព័ររបស់លោកអាចរកចំណូលបាន ១០៣៧១០០ដុល្លារអាមេរិក ដែលធ្វើឲ្យគេហទំព័ររបស់លោកមានតម្លៃខ្ទង់លានដុល្លារ។
លោក Alex Tew ក៏បានផ្ដល់យោបល់ថា “មនុស្សម្នាក់ៗត្រូវចេះ គិតរកនូវអ្វីដែលជាឱកាសល្អសម្រាប់ខ្លួនឯង ជាពិសេសគឺឱកាសអាជីវកម្មណាមួយដែលអ្នកដទៃមិនទាន់នឹកឃើញធ្វើ”៕
អត្ថបទដោយ៖ ហុង

ចង់រកស៊ីដាំ ដំណាំមៀន ១ហិកតា តើត្រូវចំណាយដើមទុនប៉ុន្មាន?

April 24, 2017
មៀនគឺជាដំណាំហូបផ្លែមួយប្រភេទដែល ប្រជាជនខ្មែរអាចចាប់ជាអាជីវកម្មបាន ខណៈដែលដីនៅប្រទេសកម្ពុជាយើងអំណោយផលដល់ការធ្វើកសិកម្ម មួយវិញទៀតដំណាំប្រភេទនេះមិនទាន់មានប្រជាជនចាប់អាជីវកម្មច្រើននៅឡើយ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់រកស៊ីដាំដំណាំមៀន តើលោកអ្នកត្រូវការដើមទុនចំនួនប៉ុន្មានក្នុងការដាំមៀនមួយហិកតា?
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ចន្ថា សីហា ម្ចាស់ចំការមៀន ៣០ហិកតា នៅខេត្តកំពតបាន ឲ្យដឹងថា ការដាំមៀន គឺយើងត្រូវមើលទៅលើ ទីតាំង ភូមិសាស្រ្ត តំបន់ និងប្រភេទដីជាដើម។
បើតាមបទពិសោធន៍របស់លោកផ្ទាល់ លោកបានឲ្យដឹងថា ក្នុងការដាំដំណាំ មៀន១ហិកតា ត្រូវការដើមទុនយ៉ាងតិចក៏ ១ម៉ឺនដុល្លារដែរ។ យ៉ាងណាមិញលោកបានបញ្ជាក់ថា ប្រសិនបើប្រភេទដីល្អ និងប្រភពទឹកងាយស្រួលក្នុងស្រោចស្រព នោះដើមទុនត្រូវអាចតិចជាងនេះ។

Carol Roth៖ ពីអ្នកជាប់បំណុលគេ ជាង៤ម៉ឺនដុល្លារ ក្លាយជាសេដ្ឋីត្រឹមវ័យ ៣០ឆ្នាំ

April 24, 2017
លោកស្រី Carol Roth  បច្ចុប្បន្នវ័យ ៤៤ឆ្នាំ​ ជាសេដ្ឋីអាមេរិកម្នាក់មានការងារ និងកាន់កាប់ជំនួញក្នុងដៃជាច្រើនផងដែរ។ មុននឹងក្លាយជាសេដ្ឋី លោកស្រីធ្លាប់ជាមនុស្សម្នាក់ដែលជាប់បំណុលគេ ជាង ៤ម៉ឺនដុល្លារអាមេរិក ដោយសារតែលោកស្រីរស់នៅក្នុងគ្រួសារក្រីក្រ​ គ្មានលុយបង់ថ្លៃសាលា។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅ សាលា The Wharton School of Business នៃសាកលវិទ្យាល័យ University of Pennsylvania ក្នុងឆ្នាំ ១៩៥៥ លោកស្រីបានដាក់កំហិតខ្លួនឯថានឹងដោះបំណុលឲ្យបានឆាប់រហ័សព្រមទាំង រកលុយឲ្យបានខ្ទង់លានដុល្លារត្រឹមតែរយៈពេលតិចជាង ៨ឆ្នាំប៉ុណ្ណោះ។
ដឹងទេ ថាតើលោកស្រី អាចធ្វើការរំដោះខ្លួនចេញពី បំណុល ជាង ៤ម៉ឺនដុល្លារអាមេរិក ដោយរបៀបណាដែរ? ខាងក្រោមនេះគឺជាវិធីសាស្រ្តដែលលោកស្រីបានធ្វើដើម្បីរំដោះខ្លួនចេញពីបំណុលគេ៖
១. កំណត់គោលដៅ 
លោកស្រីបានលើកឡើងថា ការកំណត់គោលដៅវាជាកម្លាំងក្នុងការជួយឲ្យសម្រេចនូវគោលដៅណាមួយដែលបានកំណត់ទុក។ លោកស្រីក៏បានបន្ថែមទៀតថា ការកំណត់គោលដៅត្រូវតែជាក់លាក់ ប្រកបដោយមហិច្ឆតាខ្ពស់ ជាពិសេសការកំណត់គោលដៅនោះត្រូវតែជាក់លាក់ថាតើពេលទើបអាចសម្រេចវាបាន ហើយត្រូវធ្វើវាតាមដំណាក់កាល។
២. ធ្វើការងារបា្រក់ខែខ្ពស់, ចាប់យកឱកាសការងារធំៗ
លោកស្រីថា ដើម្បីដោះបំណុលមានតែរកការងារដែលមានប្រាក់ខែខ្ពស់ ដូច្នេះលោកស្រីក៏បានសម្រេចចិត្តបោះជំហានទៅវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ដែលធ្វើឲ្យលោកស្រីអាចរកចំណូលបាន រហូតដល់ទៅ ៨៥០០០ដុល្លារសម្រាប់ឆ្នាំដំបូង។
៣. ខំធ្វើការច្រើនម៉ោង
លោកស្រីថា លោកស្រីខំប្រឹងប្រែងធ្វើការខ្លាំងណាស់ ជាទម្រាំតែអាចដោះបំណុលគេរួច ហើយលោកស្រីបានធ្វើការពី ១៦ ទៅ ១៨ ម៉ោងក្នុងមួយថ្ងៃ ពី៦ទៅ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដែលធ្វើឲ្យលោកស្រីអាចរកប្រាក់ចំណូលបានយ៉ាងឆាប់រហ័ស។
៤. ចាប់ផ្ដើមយកលុយទៅបង្កើតលុយបន្ត
បន្ទាប់ពីលោកស្រី ធ្វើការបានលុយច្រើនគួរសមហើយ លោកស្រី ក៏ចាប់ផ្ដើមយកលុយនោះទៅបង្កើតលុយបន្តទៀត ដោយចាប់ផ្ដើមធ្វើការវិនិយោគ ទៅលើគណនីសម្រាប់ពេលចូលនិវត្តន៍ វិនិយោគលើភាគហ៊ុនជាដើម។
ចាប់តាំងពីពេលនោះមក លោកស្រីក៏បានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន និងចាប់ផ្ដើមបង្កើតភាពមានបានជាបន្តបន្ទាប់​ រហូតដល់លោកស្រីមានទ្រព្យក្នុងដៃ ខ្ទង់លានដុល្លារនៅត្រឹមវ័យ ៣០ឆ្នាំប៉ុណ្ណោះ៕
អត្ថបទដោយ៖ ហុង

ចំណូល តិចឬច្រើនមិនសំខាន់, សំខាន់តើអ្នកគ្រប់គ្រងវាបានល្អប៉ុណ្ណាធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុ

April 27, 2017
បើយើងនិយាយពី ហិរញ្ញវត្ថុ អ្នកណាៗ ក៏ត្រួវការវាដែរ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញអ្នកដែលរកចំណូលបានតិចពួកគេចាយលុយតាមតិច រីឯអ្នកដែលរកចំណូលបានច្រើនពួកគេចាយច្រើនតាមដែលលទ្ធភាពដែលគេរកបាន។
ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុនេះ លោក Robert Kiyosaki មហាសេដ្ឋីអចលនទ្រព្យនឹងជា អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad បានលើកឡើងថា “ រកចំណូលបានតិចឬ ច្រើនមinសំខាន់នោះទេ តែអ្វីដែលសំខាន់ អ្នកអាចគ្រប់គ្រងវាបានល្អប៉ុណ្ណាទើបអាចធ្វើឲ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ”
ឃ្លាដែល លោកលើកឡើងនេះ លោកបានចង់មានន័យថា ទោះជាអ្នករកចំណូលបានច្រើនក៏ដោយ តែបើអ្នក មិនបានរៀបចំបញ្ជីក្នុងការចាយវាយឲ្យត្រឹមត្រូវនោះទេ អ្នកនឹងគ្មានថ្ងៃសល់លុយក្នុងហោប៉ៅនោះទេ ពោលគឺអ្នកមានច្រើនប្រាក់ខែច្រើនក៏ដោយ តែបើចាយមិនគិតនោះអ្នកនឹងជំពាក់គេជាមិនខានឡើយ។
ឧទាហរណ៍ថា អ្នកអាចរកប្រាក់ចំណូលបាន ១ពាន់ដុល្លារក្នុងមួយខែ តែវាមិនសំខាន់នោះ តែអ្វីដែលសំខាន់នោះ ថាតើក្នុងមួយខែៗ អ្នកសល់លុយប៉ុន្មានសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។ អ្វីដែលលោក Robert Kiyosaki ចង់សង្កត់ធ្ងន់នោះគឺ ចង់ឲ្យអ្នកចាយលុយចេះគិត មិនមែនតាមតែចិត្តចង់នោះទេ ព្រះការចាយវាយបែបនេះ អ្នកនឹងមិនសល់លុយឡើយ
ចំណែកអ្នកដែលរកលុយបានតិចវិញ តែបើពួកគេ ចេះចាយវាយឲ្យបានត្រឹមត្រូវទៅតាមលទ្ធភាពដែលខ្លួនរកបាននោះ មានន័យថាអ្នកចេះរៀបចំក្នុងការចាយវាយបានត្រឹមត្រូវ ហើយមានសេរីភាពលើផ្នែកហិរញ្ញវត្ថុទៀតផង។
ចំពោះការចាយវាយឲ្យមានប្រសិទ្ធភាព អ្នកត្រូវចេះរៀបចំបញ្ជីហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដូចជាបញ្ជីចំណាយថេរ ដែលត្រូវចំណាយលើអ្វីដែលចាំបាច់សម្រាប់អ្នក និងបញ្ជីអថេរ ដែលជាចំណាយទៅលើអ្វីដែលមិនចាំបាច់ហើយអ្នកអាចកាត់បន្ថយការចំណាយទៅលើវាបាន។
ក្បួនចាយលុយសម្រាប់អ្នកដែលគេសន្សំសំចៃ គឺមុននឹងចាយលុយគេ សួរខ្លួនឯងថា តើការចំណាយនោះ វាគ្រាន់តែជាការចង់បាន ឬវាជា តម្រូវការ ហើយប្រសិនបើវាជាការចង់បាននោះមានន័យថា គេខ្ជៈខ្ជាយលុយហើយ៕
អត្ថបទដោយ៖ ហុង
អ្នកសរសេរអត្ថបទផ្នែកហិរញ្ញវត្ថុ

យុទ្ធសាស្រ្តជោគជ័យ របស់លោកឧកញ៉ា ពុង ឃាវសែ ក្នុងអាជីវកម្មអចលនទ្រព្យ

April 24, 2017
លោកអ្នកប្រហែលជាបានសង្កេតឃើញនឹងភ្នែកហើយនូវសំណង់ជាច្រើន ដែលកំពុងតែលេចធ្លោ ជាងគេនៅភ្នំពេញ។ អគារការិយាល័យខ្ពស់ៗ អគារខន់ដូកប់ពពក និងតំបន់ពាណិជ្ជកម្មចំរុះ នៅទីតាំង សំខាន់ៗរបស់ភ្នំពេញគឺ សុទ្ធតែជាអចលនទ្រព្យ ដែលម្ចាស់គម្រោងគឺជាក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា ដែលបង្កើតទ្បើងនិងដឹកនាំដោយលោកឧកញ៉ា ពង្ស ខៀវសែ។ តើគាត់ប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីជោគជ័យក្នុងវិស័យដីធ្លីនេះ?
. ទិញដីដើម្បីអភិវឌ្ឍ មិនទិញដើម្បីចាំដីទ្បើងថ្លៃទេ
អ្នកឧកញ៉ា ពុង ឃាវសែ បានអនុវត្តយុទ្ធសាស្រ្តនេះយូរមកហើយ។ ដំបូងទ្បើយគាត់ និងក្រុមហ៊ុន របស់លោកបានអភិវឌ្ឃដីច្រើនកន្លែងមកហើយ តាមរយៈការសាងសង់បូរីច្រើនកន្លែង ដូចជាបុរី ឧទ្យានទន្លេបាសាក់ បុរីប្រិមប្រិយ (សៀមរាប) បុរីសុវណ្ណា បុរីជំុវិញ Ratana Plaza ជាដើម ពោលគឺគាត់បានចាប់ផ្តើមកសាងបុរីមុនបុរីភាគច្រើនដែលកំពុងតែសាងសង់សព្វថ្ងៃ។
ដោយឃើញមានក្រុមហ៊ុនច្រើនចាប់ផ្តើមសាងសង់បុរីដែរនោះ ក្រុមហ៊ុនរបស់អ្នក ឧកញ៉ាបានងាកចេញពីការកសាងបុរីទៅអភិវឌ្ឃ ជាអគារពាណិជ្ជកម្ម និងខន់ដូរវិញ ដែលមាន វិមានកាណាឌីយ៉ា និង រូ៉សខន់ដូរជាដើម។
ការអភិវឌ្ឃចុងក្រោយដែលកំពុងតែជោគជ័យបំផុតរបស់អ្នកឧកញ៉ាគឺគម្រោងកោះពេជ្យដែលមានផ្ទៃដី រហូតដល់ជាង ១០០ហត។ ដីដែលធ្លាប់មិនមានតម្លៃខ្ពស់សោះ ក្រោយការអភិវឌ្ឃ តំបន់នោះបានទ្បើងថ្លៃ កប់ពពក ជាតំបន់ដែលត្រូវប៉ាន់បំផុតមួយនៅភ្នំពេញ។ ទាំងនេះហើយជាលទ្ធផលនៃយុទ្ធសាស្រ្តទិញដី ដើម្បីអភិវឌ្ឃ មិនទិញដើម្បីចាំដីទ្បើងថ្លៃទេ។
២. ទីតាំង ទីតាំង ទីតាំង
នេះជាយុទ្ធសាស្រ្តស្នូលរបស់លោក ហើយយើងអាចសង្កេតឃើញថា រាល់ទ្រព្យដែលលោកបានអភិវឌ្ឃសុទ្ធ តែស្ថិតនៅលើទីតាំងល្អបំផុត។ ទីក្រុងកោះពេជ្យ គម្រោងជាង ១០០ហត ជាប់ទន្លេចតុមុខ គម្រោងអូទ្បាំព្យ៉ាសុីធី ជាប់ស្តាតអូទ្បាំពិក កណ្តាលភ្នំពេញ និងគម្រោងចុងក្រោយកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធ គឺតំបន់ទីក្រុងរណបជ្រោយចង្វារ។
Business Cambodia ធ្លាប់បានសម្ភាសអ្នកជំនាញអចលនទ្រព្យ ច្រើននាក់រួចមកហើយកន្លងមក ហើយបើតាមពួកគាត់ ទីតាំងជាកត្តាជោគជ័យចាំបាច់បំផុតក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។ ហើយអ្នកឧកញ៉ា ពុង ឃាវសែ ជាសហគ្រិនមួយរូបដែលអនុវត្តយុទ្ធសាស្រ្តនេះបានល្អ ព្រោះទ្រព្យគាត់ស្ទើរតែទាំងអស់សុទ្ធតែមានទីតាំងល្អបំផុតនៅភ្នំពេញ។
. តិចនិចទាក់ទាញវិនិយោគិនបរទេស
អ្នកឧកញ៉ា ពុង ឃាវសែ​ ក៏មានសារសម្រាប់វិនិយោគិនបរទេសផងដែរថា បើចង់មកវិនិយោគនៅកម្ពុជា ត្រូវចេះជ្រើសរើសដៃគូដ៏ត្រឹមត្រូវ បន្ទាប់មកត្រូវចេះរក្សាទំនាក់ទំនងល្អ ដោយសម្របសម្រួលទៅតាមក្រិតក្រមនៃរដ្ឋាភិបាលនិងបត់បែនតាមនិន្នាការអោយបានត្រឹមត្រូវ និងជាចុងក្រោយត្រូវចេះធ្វើការស្រាវជ្រាវលើទីផ្សារអោយបានច្បាស់លាស់ជាមុនសិន មុននឹងចាប់ផ្តើមធ្វើការវិនិយោគ។
អ្នកឧកញ៉ា មួយរយៈចុងក្រោយនេះបានទាញអ្នកវិនិយោគបរទេសជាច្រើនដែលភាគច្រើន ជាអ្នកវិនិយោគមកពីចិន មកវិនិយោគក្នុងតំបន់ដែលលោកបានត្រួសត្រាយផ្លូវ។ គាត់ពូកែទាក់ទាញអ្នកវិនិយោគណាស់ ដោយសារយើងឃើញគម្រោងអគារខ្ពស់ៗជាច្រើនបានដុះនៅលើដីកោះពេជ្យ។
គួរបញ្ជាក់ថា លោក ឧកញ៉ា ពុង ឃាវសែ ធ្លាប់បានចេញទៅរស់នៅប្រទេសកាណាដាជាមួយមុខរបរលក់គ្រឿងអលង្ការ និងវិលត្រលប់មកមាតុភូមិវិញជាមួយគំនិតលើបរិបទរស់នៅបែបថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយបច្ចុប្បន្នគាត់ធ្វើជាប្រធាននៃធនាគារកាណាឌីយ៉ា នាយកប្រតិបត្តិនៃ Overseas Cambodia Investment Corporation និងជាប្រធាននៃ Cambodia Constructors Association។
អត្ថដោយ៖ ស្រីវ៉ាន់
អ្នកនិពន្ធផ្នែក អចលន្រព្យ

តំបន់មានសក្តានុពលខ្លាំងជាងគេបំផុតសម្រាប់ការវិនិយោគវិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញ

April 20, 2017
បើនិយាយពីតំបន់ដែលត្រូវប៉ាន់ជាងគេ សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ គឺតំបន់ភាគខាងជើង និងភាគខាង​ត្បូង​ដែល​​មានសក្តានុពលខ្លាំងជាងគេពេលបច្ចុប្បន្ន នេះបើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យក្នុងស្រុកមួយចំនួន។
ជាមួយគ្នានេះដែរ លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ឲ្យដឹងថា តំបន់ភាគខាងសិចនៃទីក្រុងភ្នំពេញ ស្ទើរ​តែ​អស់​លែ​ង​អ​​ភិវឌ្ឍន៍សម្រាប់ដីដែលស្ថិតនៅក្នុងតំបន់ក្នុងក្រុង ពោលគឺចាប់ផ្តើមភាគខាងលិចមហាវិថីសហព័ន្ធរុស្ស៊ី គ្រប់ចំណុច​តំប​ន់​ភ្នំ​ពេ​ ញថ្មីរហូតដល់អន្លង់ក្ងាន់ធ្លាយដល់តំបន់ទំនប់កប់ស្រូវ។
តែយ៉ាងណា លោកឧញ៉ា បានអះអាងថា តំបន់ភាគខាងត្បូងមានសក្កានុពលខ្លាំងជាងគេ ដោយហេតុថាភាគខាងត្បូងមា​ន​ច្រ​ក​ចេញចូលច្រើន មានទាំងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងលំនៅដានធំៗបានអភិវឌ្ឍក្នុងតំបន់នេះផងដែរ។
ដោយឡែកភាគខាងជើងនេះ អាចត្រូវការរយៈពេលពី៥ទៅ១០ឆ្នាំទៀត ទើបតាមទាន់តំបន់អភិវឌ្ឍភាគខាងត្បូង។
សម្រាប់ភាគខាងកើត លោកឧញ៉ាបានឲ្យដឹងទៀតថា ចាប់ពីតំបន់អរិយក្សត្រ និងស្វាយជ្រុម ហាងឆេងដីចាប់​ផ្តើមឡើង​ថ្លៃ​ពោ​ល គឺមានតម្លៃចន្លោះពី៣ទៅ ទៅ៥រយដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក៏ប៉ុន្តែលោកឧញ៉ាបានបញ្ជាក់ថា បើ​ចង់​អភិ​វឌ្ឍ​រយៈ​ពេលយូរអង្វែង និងចង់បានចំណេញច្រើនគួរសម្លឹងមើលភាគខាងកើត ហើយរដ្ឋាភិបាលកម្ពុជា​ក៏គ្រោងនឹងក​សាង​ស្ពា​ន​​តភ្ជាប់ពីជ្រោយចង្វារ ទៅកាន់ស្វាយជ្រុម និងពីតំបន់អរិយក្សទៅកាន់តំបន់ក្តីតាកុយ។
ជារួមការវិនិយោគក្នុងវិស័យអចលនទ្រព្យ គឺជារបរមួយដែលអាចជួយឲ្យអ្នកមានលឿន តែក៏អាចក្រលឿនដែរ បើអ្នក​ខ្វះ​ការ​ស្វែង​យល់ទីផ្សារ យុទ្ធសាស្រ្ត និងការទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចនិងនយោបាយ។ដូចច្នេះ ដើម្បី​ធា​នា​បាន​ថា​ការវិនិយោគរបស់លោកអ្នកត្រឹមត្រូវបាន និងអាចទទួលបានផលចំណេញ អ្នកត្រូវបានភាពឆ្លាតវៃ និងតាមដានស្ថាន​កា​រ​ណ៍​ ឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តបោះទុន។
អត្ថបទលំអិតមាននៅទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជាលេខទី៤៤ប្រចាំខែមេសា។

Willow Tufano៖ ក្បួនវិនិយោគលំនៅឋានជោគជ័យសម្រាប់អ្នកក្រោមអាយុ២០ឆ្នាំ

April 19, 2017
ជម្រកគឺជាក្តីស្រម៉ៃធំមួយដែលជីវិតមនុស្សសត្វតែងប៉ងប្រាថ្នាចង់បានសម្រាប់ជាការបំពេញ ​នូវសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ប៉ុន្តែអ្នកខ្លះមិនត្រឹមតែមិនអាចស្វែងរកលំនៅដ្ឋាន សម្រាប់ផ្តល់នូវភាពកក់ក្តៅឲ្យគ្រួសារ និងជីវិតផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ពួកគេថែមទាំងអាចស្វែងរកលំនៅដ្ឋានដើម្បីធ្វើការវិនិយោគថែមទៀតផង។
យ៉ាងណាមិញ កញ្ញា Willow Tufano បានក្លាយជាម្ចាស់ផ្ទះដែលនាងទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។ តើអ្វីខ្លះទៅជាក្បួនវិនិយោគរបស់នាង ទាំងតែនាងមានវ័យត្រឹមតែ១៤ឆ្នាំនោះ?  ខាងក្រោមនេះ ជាតិចនិចនៃការវិនិយោគរបស់កញ្ញា Willow Tufano៖
១. ជ្រើសរើសទីតាំងដែលអាចបង្កើតផលចំណេញលើទីផ្សារគ្រប់ប្រភេទ
កញ្ញា Willow បានលើកឡើងថា ចំនុចអាក្រក់មួយនៃទីផ្សារអចលនទ្រព្យ ដែលជារឿយៗសុទ្ធតែជាឱកាសដ៏ល្អរបស់អ្នកទិញ ។ ដូច្នេះលោកអ្នកត្រូវរើសទីតាំងណា ដែលអាចទាញបានផលបានចំណេញពីទីផ្សារអោយបានច្រើនប្រភេទ ពោលគឺជាទីតាំងដែលអាចបើកអាជីវកម្មបាន ឬអាចជួលបានក្នុងតម្លៃខ្ពស់ជាដើម ។
២. រើសអ្នកជិតខាងល្អ មិនមែនរើសផ្ទះល្អ
ការជ្រើសរើសទីតាំង ជាចំណុចដែលវិនិយោគិនតែងគិតគួរជាអាទិភាព ដើម្បីប្រាកដថាទីតាំងនោះមានផ្តល់នូវសេវាកម្មដូចជា មន្ទីពេទ្យ សាលារៀន សាលារៀន និងកន្លែងលំហែរកាយជាដើម ។ ជាងនេះទៅទៀត ត្រូវប្រាកដថា អ្នកដែលរស់នៅជិតខាងមិនមានការបង្ករភាពរញ៉េរញ៉ៃ និងភាពភ័ខ្លាចដល់ការរស់នៅជាដើម ។
៣.  គិតគួរលើលំហូរសាច់ប្រាក់
ក្រោយពេលដែលកញ្ញា Willow រៀបចំជួសជុល និងសម្អាតផ្ទះរួច កញ្ញាក៏បានដាក់ជួលទៅអោយគ្រួសារដែលទើបតែរៀបការហើយថ្មីថ្មោងមួយក្នុងតម្លៃ ៧០០ ដុល្លារក្នុងមួយខែ ដែលនេះជាចំនុចល្អមួយក្នុងការប្រមូលសាច់ប្រាក់ ហើយថែមទាំងអាចថែរក្សាផ្ទះអោយបានស្អាត និងទម្រាំតែផ្ទះមានតម្លៃថ្លៃដល់ពេលមួយដែលត្រូវលក់ចេញ ។
៤. មានឆន្ទៈដាក់ចិត្ត ដាក់កាយលើការវិនិយោគ
ការវិនិយោគមិនមែនគិតតែលើសាច់ប្រាក់នោះទេ គឺត្រូវតែវិនិយោគទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់យើងបន្ថែមទៀត ទើបធ្វើអោយការចំណាយវាមិនសូវអស់ច្រើន ។
អត្ថបទដោយ៖ ពាណិជ្ជកម្មកម្ពុជា

អាយុជាង២០ឆ្នាំ តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីចាប់ផ្តើមវិនិយោគលើអចលនទ្រព្យបាន?

April 6, 2017
ចង់ចាប់ផ្តើមរកសីុលើផ្ទះ ដីធ្លី នៅពេលដែលអ្នកទើបមានអាយុជាង២០ឆ្នាំមែនទេ? អ្នកខ្លះគិតថា នៅក្មេងពេកហើយ ចាប់ផ្តើមមិនទាន់បានទេ។ តែយ៉ាងណា Business Cambodia បានចេញអត្ថបទ ច្រើនមកហើយ ពីយុវជនវ័យក្មេងច្រើននាក់ណាស់ ដែលបានក្លាយជាអ្នកមាន ដោយសារ អចលនទ្រព្យ។ បើអ្នកចង់ តើអ្នកគួរចាប់ផ្តើមធ្វើអ្វីខ្លះ?
សម្រេចចិត្តឲ្យបានលះនិងឲ្យបានលឿន
ពេលដែលអ្នកនៅក្មេង អ្នកមានពេលច្រើន ដើម្បីរៀនពីការវិនិយោគលើ អចលនទ្រព្យ ដូចនេះ សូមរៀនសម្រេចចិត្តឲ្យបានលឿន។ ពេលអ្នកនៅក្មេង អ្នកក៏មានថាមពលខ្លាំងដែរ ក្នុងការធ្វើការ មួយនេះ ដូចនេះសូមសម្រេចចិត្តចាប់ពីពេលនេះតទៅ។ សម្រេចចិត្តថ្ងៃនេះ មិនមែនមានន័យថា អ្នកត្រូវមានលុយគ្រប់គ្រាន់ថ្ងៃនេះដើម្បីចាប់ផ្តើមវិនិយោគនោះទេ តែអ្នកត្រូវចាប់ផ្តើមរៀន ត្រៀមខ្លួនអ្នកសិនមុនវិនិយោគ។
ចាប់ផ្តើមបង្កើតបណ្តាញទំនាក់ទំនង
ក្នុងការរកសីុ បើអ្នកមានទំនាក់ទំនងជាមួយមនុស្សច្រើន នោះអ្នកក៏នឹងមានឱកាសជោគជ័យច្រើនដែរ។ ដូចគ្នាដែរ ក្នុងវិស័យដីធ្លី អ្នកគួរស្តាល់មនុស្ស មួយចំនួនឲ្យបានច្រើន។ អ្នកដែលលោកអ្នកគួរស្គាល់នោះរួមមាន អ្នកគក់ជេរ ឬភ្នាក់ងារ អចលនទ្រព្យ មន្រ្តីឥណទាន របស់ធនាគារ មន្រ្តីសូរិយដី និងមនុស្សជាច្រើនទៀត ដែលអាច ទាក់ទងនឹងការវិនិយោគរបស់អ្នក។
ចាបផ្តើមស្រាវជ្រាវ និងសន្សំគំនិតវិនិយោគ
ចង់ជោគជ័យ ត្រូវដឹងថាតើប្រភេទផ្ទះណា ដែលនឹងធ្វើឲ្យអ្នកចំណេញច្រើន បានថ្លៃជួលខ្ពស់? តើ៥ឆ្នាំទៀត អ្នកគួរវិនិយោគលើអ្វី ផ្ទះបុរី ដី ឬ ខន់ដូ? តើតំបន់ណានៃភ្នំពេញដែលអ្នកគួរពិចារណាទិញ? ក្រៅពីការស្រាវជ្រាវ អ្វីដែលអ្នកគួរធ្វើ គឺគួរព្យាយាម អានយកគំនិតឲ្យបានច្រើនពីការវិនិយោគលើអចលនទ្រព្យនេះ ដោយអានសៀវភៅ ឬទស្សនាវដ្តី ពាណិជ្ជកម្មកម្្ពុជា ដែលនិយាយច្រើនលើគំនិតរកសីុវិស័យអចលនទ្រព្យ។
ចាប់ផ្តើមសន្សំលុយ
សន្សំពត៌មាន និងគំនិតបានច្រើនហើយ ជំហា៊នបន្ទាប់អ្នកគួរខំសន្សំលុយឲ្យបានច្រើនតាម តែអាចធ្វើទៅបាន។ ទោះសព្វថ្ងៃ អ្នកអាចទិញផ្ទះពីបុរីខ្លះដែល មិនតម្រូវមានប្រាក់កក់ក៏ដោយ អ្នកក៏គួរតែមានលុយដំបូងខ្លះ នោះអ្នកនឹងមិនចាំបាច់បង់ការប្រាក់ច្រើនពេកនោះទេ។ ដើម្បីសន្សំលុយបានច្រើន អ្វីដែលអ្នកត្រូវធ្វើ គឺខំ ធ្វើការឲ្យច្រើន ហើយកំុខំចាយលុយដើម្បីតែហឺុហា។
អត្ថបទអ្នកគួរអានបន្ថែម https://www.business-cambodia.com/article/24685
អត្ថបទដោយ៖ David
David.businesscambodia@gmail.com

1 comment:

  1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    ReplyDelete

កម្មវិធីពិសេស

Popular Posts

style="display:block"
data-ad-client="ca-pub-8833106928796510"
data-ad-slot="3317907060"
data-ad-format="auto">